Posts Tagged ‘ភាពក្រីក្រ’

ពី​ទាសករ ត្រដរជាអ្នកគ្រប់គ្រង!

កញ្ញា ផល កន្និដ្ឋា​ ​បច្ចុប្បន្ន​ជា​ប្រធានគណនេយ​ប្រចាំ​ក្រុម​ហ៊ុន​​​ឯកជន​មួយ​។ ខ្សែ​ជីវិត​កញ្ញា​​​បាន​ជួប​នូវ​ការ​ឈឺ​ចាប់ និង​ពិបាក​វេទនា​តាំង​តែ​កញ្ញា​នៅ​កុមារ​ភាព​មក​ម្ល៉េះ ដោយ​ផ្តើម​ចេញ​ពី​ជីវ​ភាព​គ្រួសារ​ក្រីក្រ ​ការ​រលាក​ភ្លើង​​បន្សល់​ទុក​នូវ​ស្នាក​ស្នាម​​ពេញ​រៀង​កាយ និង​ការ​ចាញ់​ល្បិច​បោក​បញ្ឆោត​ធ្លាក់​ខ្លួន​ទៅ​សុំ​ទាន​នៅ​ប្រទេស​ថៃ រហូត​ក្លាយ​ខ្លួន​ជា​ប្រធាន​គណនេយ្យ​មួយ​រូប។

កន្និដ្ឋា ជា​កុមាន​រី​ម្នាក់​​រស់​​ក្នុង​គ្រួសារ​​ដែល​មាន​ជីវ​ភាព​ក្រីក្រ​ មាន​ស្រុក​កំណើត​នៅ​ភូមិខ្លាកូន ឃុំពុតស ស្រុកបាទី ខេត្តតាកែវ មាន​បង​ប្អូន​ចំនួន​ ៤នាក់ ស្រី២នាក់​ ប្រុស​២នាក់ ប្អូន​២នាក់​ជា​កូន​ប្រពន្ទ​ក្រោយ រីឯកន្និដ្ឋាជា​កូន​ច្បង​ និង​ជា​កូន​ដើម​​ មាន​ឪពុក​ឈ្មោះ វ៉ែន សុផល អាយុ ៥៦ឆ្នាំ មុខរបរ​ជា​កសិករ ម្តាយ​ឈ្មោះ ដុំ សុខ អាយុ ៤៨ឆ្នាំ មុខ​របរ​ជា​​កសិករ​។

កន្និដ្ឋា បាន​រៀប​រាប់​​ពី​ដំ​ណើរ​រឿង​របស់​ខ្លួន​ថា កាល ​កន្និដ្ឋា​​ មាន​​អាយុ​៥​ឆ្នាំ  យប់​មួយ​ កន្និដ្ឋា ​បាន​ទៅ​គេង​ជា​មួយ​ជីតា​ នៅ​យប់​នោះ​​ស្រាប់​តែ​ភ្លើង​​ចង្កៀង​សំរាប់​អុច​បំ​ភ្លើ​ក៍​​ឆាប​ឆេះ​មុង​ដែល​កន្និដ្ឋា​កំពង់​គេង​​​ ការ​ឆាប​ឆេះ​នោះ​​បាន​ធ្វើ​ឲ្យ​កន្និដ្ឋា​ត្រូវ​​រលាក​ពេញ​រាង​កាយ​ រួម​ទាំង​មុខ​ផង​ដែរ​។ ចាប់​​ពី​ពេល​នោះ​មក​ កន្និដ្ឋា បាន​រស់​នៅ​ឋិត​ក្នុង​ភាព​​អស់​សង្ឃឹម ភ័យ​ក្លាច ខ្មាស​អៀន​​ដោយ​​មិន​ហាន​ចេញ​ទៅ​ជួប​អ្នក​ណា​ឡើយ​។

​មក​ដល់​​ឆ្នាំ ១៩៩៤ ​កន្និដ្ឋា​រួម​ទាំង​ឪពុក​ម្តាយ​​បាន​ចាញ់​បោក​គេ​​ធ្លាក់​ខ្លួន​ទៅ​សុំ​ទាន​គេ​នៅ​ឯ​ប្រទេស​ថៃ ហើយ​ត្រូវ​បង់​ប្រាក់​ឲ្យ​មេ​ខ្យល់​អស់​ចំនួន​ ៣​ ០០០ ០០០រៀល​ទៀត​។ ដើម​ហេតុ​រឿង​នេះ​កន្និដ្ឋា​បាន​រៀប​រាប់​ថា ដំបូង​មាន​គេ​មក​លួង​លោម​ឪពុក​ម្តាយ​ខ្លួន​ដោយ​អះ​អាង​ថានឹង​នាំ​ឲ្យ​ទៅ​ធ្វើ​ការ​ងារ​នៅ​ប្រទេស​ថៃ​ ជា​អ្នក​ជួយ​លក់​ដូរ​អី​វ៉ាន់​ឲ្យ​គេ នៅ​ទី​នោះ​មាន​កន្លែង​ស្នាក់​នៅ​ស្រាប់​​ មាន​អាហារ​៣ពេល​ និង​ទទួល​បាន​ប្រាក់​ខែ​ច្រើន​​ទៀត​ផង​។ នៅ​ពេល​ទៅ​ដល់​ប្រទេស​ថៃ​គេ​ក៍​ចាប់​បំបែក​​​កន្និដ្ឋា និង​ឪពុក​ម្តាយ​ចេញ​ពី​គ្នា​​ដោយ​បង្ខំ​ឲ្យ​ទៅ​សុំ​ទាន​ឲ្យ​គេ​ នៅ​ទី​នោះ​គេ​វាយ​ធ្វើ​បាប​ និង​ឲ្យ​​ប្រើ​ថ្នាំ​ញៀន​​ដើម្បី​មាន​កំលាំង​ទៅ​រក​ប្រាក់​ឲ្យ​គេ តែ​បាន​រយៈ​ពេល​ជិត​មួយ​ខែ​កន្និដ្ឋា​ត្រូវ​ប៉ូលិស​ថៃ​ចាប់​បាន​ ហើយ​បាន​យក​ទៅ​ឃុំនៅ​កន្លែង​មួយ​ ជា​សំណាង​ល្អ​មាន​ស្រ្តី​ម្នាក់​ឃើញ​​កន្និដ្ឋា​ហើយ​​គាត់​បាន​លួស​​យក​ទៅ​ចិញ្ចឹម​ ចំណែក​ឪពុក​ម្តាយ​របស់​កន្និដ្ឋា​ស្រ្តី​នោះ​បាន​បញ្ចូនឲ្យ​មក​ស្រុក​ខ្មែរ​វិញ ​ដោយ​រក្សា​កន្និដ្ឋា​ឲ្យ​នៅ​ទី​នោះ ព្រម​ទាំង​​ជួល​គ្រូមក​បង្រៀន​កន្និដ្ឋា​ដល់​ផ្ទះ​ទៀត​ផង ដោយ​ឃើញ​កន្និដ្ឋា​ជាក្មេង​ឆ្លាត​រៀន​ឆាប់​ចេះ​គាត់​ក៍​ឲ្យ​កន្និដ្ឋា​ទៅ​រៀន​​នៅ​សាលា​​​បាន​រយៈ​ពេល​​មួយ​ឆ្នាំ​ បន្ទាប់​ពី​នោះ​កន្និដ្ឋា​ត្រូវ​មក​ជួយ​ការងារ​គាត់​ដូច​ជាការ​ជូន​ក្មេងៗ​ទៅ​ដើរ​លេង​មួយ​សប្តាហ៍​ម្តង ការ​​ចែក​អំណោយ​ដល់​​អ្នក​ជាប់​ឃុំ​ (ភាគ​ច្រើន​សុទ្ធ​ជា​ខ្មែរ)​ និង​ការងារ​ផ្ទះ​ផ្សេងៗ។

មក​ដល់​ដើម​ឆ្នាំ​ ២០០៣ កន្និដ្ឋា​បាន​ត្រឡប់​មក​ស្រុក​ខ្មែ​រ​វិញ​ ហើយ​បាន​ទៅ​រៀន​នៅ​សា​លា​ Lavala ការ​ចូល​រៀន​នេះ​កន្និដ្ឋា​មិន​បាន​ចូល​រៀន​ពី​ថ្នាក់​ទី​១​ទៅ​នោះ​ទេគឺ​ចូល​​ថ្នាក់​ទី៤​តែ​ម្តង។ បាន​រយៈ​ប៉ុន្មាន​​ឆ្នាំ កន្និដ្ឋា​បាន​ផ្លាស់​មក​ចូល​​រៀន​ថ្នាក់​ទី ៧ ​នៅ​អង្កការ ដើម្បី​ភាព​ញញឹម​នៃ​កុមារ បាន​រយៈ​ពេល​ជាង​មួយ​ឆ្នាំ កន្និដ្ឋា​ បាន​ប្រឡង​បញ្ចប់​ថ្នាក់​ទី ៩ ហើយ​ចាប់​ពី​ពេល​នោះ កន្និដ្ឋា​ ចាប់​ផ្តើម​រៀន​ជំនាញ​វិជ្ជា​ជីវផ្នែក​គណនេយ្យ​ស្រប​ពេល​​នឹង​ការ​រៀន​ថ្នាក់​ទី ១០ ដល់ទី ១២ នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ រហូត​មក​ដល់​​ឆ្នាំ ២០០៨ កន្និដ្ឋា​ ក៍បាន​ប្រឡង​ជាប់​ថ្នាក់ទី ១២ និង​ចប់​វគ្គ​ជំនាញ​វិជ្ជាជីវ​ដែរ។

មក​ដល់​ខែ​៦ ឆ្នាំ២០០៨ ​កន្និដ្ឋា​បាន​ដាក់​ពាក្យ​​​ជាប់​មក​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​ បង​ធំ ផ្នែក​ជំនួយ​ការ​គណនេយ្យ បាន​​រយៈ​ពេល​ប៉ុន្មាន​ខែ​ កន្និដ្ឋា​ក៍​បាន​លា​ឈប់​ ហើយ​មក​ដល់​ខែ២ ឆ្នាំ​២០០៩ កន្និដ្ឋា​ក៍​បាន​​ដាក់​ពាក្យ​ជាប់​មក​​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​ដែល​ខ្លួន​កំពុង​ធ្វើ​នេះ​​ផ្នែក​គិត​ប្រាក់ បាន​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ដោយ​ប្រធាន​ក្រុម​ហ៊ុន​មើល​ឃើញ​​ពី​សមត្ថ​ភាព​របស់​កន្និដ្ឋា​ គាត់​ក៍​ដំឡើង​កន្និដ្ឋា​ជា​ប្រ​ធាន​ផ្នែក​គណនេយ្យ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន។

ពាក់​ព័ន្ធ​នឹង​​គ្រួសារ​​​​ កន្និដ្ឋា បាន​រៀប​រាប់​ទាំង​អួល​​ដើម​ក​ថា កន្និដ្ឋា​ជា​មនុស្ស​​ដែល​ឯក​រាជ​​តាំង​ពី​អាយុ​៥​ឆ្នាំ​មក​ម្ល៉េះ​ ព្រោះ​មិន​ដែល​មាន​ឪពុក​ម្តាយ​មក​ឧបត្ថម និង​​ថែរក្សា​​ខ្លួន​ឡើយ​ ​រស់​មក​ដល់​សព្វ​ថ្ងៃ​គឺ​រស់​ដោយ​សា​តែ​អង្កការ​ជួយ​ឧបត្ថម និង​ប្រឹង​រក​ប្រាក់​ដោយ​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ​។ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ដែល​កន្និដ្ឋា​រៀន​នៅ​អង្កការ​ ដើម្បី​ភាព​ញញឹម​នៃ​កុមារ កន្និដ្ឋា ត្រូវ​ឆ្លាត​រក​ប្រាក់​បន្ថែម​ទៀត​ ព្រោះ​អង្កការ​បាន​ផ្តល់​ប្រាក់​ឧបត្ថម​ប្រ​ចាំ​ខែ​ដែរ​តែ​វា​មាន​ចំនួន​តែ ​៣០ ទៅ ៤០ដុល្លារ​ មិន​អាច​រាប់​រង​លើ​ផ្លៃ​ជួល​ផ្ទះ និង​ម្ហូប​អាហារ​​បាន​ទេ​ ដូច​នេះ​កន្និដ្ឋា​មាន​តែ​ប្រឹង​រក​ប្រាក់​បន្ថែម​តាម​រយៈ​ការ​ដើរ​លក់​ផ្កា និង​ដើរ​ច្រៀង​​តាម​ហាង​មួយ​ចំនួន​តែ​ប៉ុណ្ណោះដែល​ហាង​ខ្លះ​ក៍​ឲ្យ​ច្រៀង ហើយ​ហាង​ខ្លះ​ក៍​មិន​ឲ្យ​ច្រៀង​​។

ទោះ​ជា​យ៉ាង​ណា​ កន្និដ្ឋា​ មិន​បាន​បោះ​បង់​គ្រួសារ​ចោល​នោះ​ទេ​ ពេល​កន្និដ្ឋា​ត្រឡប់​មក​ពី​ប្រ​ទេស​ថៃ​វិញ​មិន​ត្រឹម​តែ​ទៅ​រក​គ្រសារ​ឃើញ​ទេ​ថែម​ទាំង​​ជួយ​ឧបត្ថម​ពួក​គាត់​រហូត​មក​ទៀត​ផង​ គ្រាន់​តែ​ពី​មុន​ជួយ​មិន​បាន​ច្រើន​ តែ​ឥឡូវ​កន្និដ្ឋា​អាច​ជួយ​ពួក​គាត់​បាន​ច្រើន​គួរ​សម​ហើយ​។

ពាក់​ព័ន្ធ​នឹង​ការ​រើស​អើង​​​ផ្សេងៗ ​កន្និដ្ឋា​បាន​លើក​ឡើង​ថា នៅ​ពេល​កន្និដ្ឋា​ទៅ​ណា​មក​ណា​គេ​សួរ​ថា “តែ​ឯង​ត្រូវ​ទឹក​អា​ស៊ី​ត​មែន​ទេ?”​ មួយ​សំណួរ​នេះ​ធ្វើ​ឲ្យ​កន្និដ្ឋា​កើត​ជា​​​ការ​​ខ្មាស​​អៀន ​រហូត​ធ្វើ​​ឲ្យ​​​​កន្និដ្ឋា​មិន​​ហ៊ាន​ប្រ​ឈម​មុខ​នឹង​សង្គម។ ​ ​​កន្និដ្ឋា​គិត​ថា​ខ្លួន​មាន​សភាព​បែប​នេះ​​ថ្ងៃ​ក្រោយ​ប្រ​សិន​ខ្លួន​បាន​រៀន​ចប់​​ជំនាញ​ណា​មួយ​ប្រាកដ​ជា​ពិបាករក​ការ​ងារ​ធ្វើ​នៅ​តាម​ក្រុម​ហ៊ុន​ផ្សេងៗគឺ​មាន​តែ​​ធ្វើ​តាម​អង្កការ​តែ​ប៉ុណ្ណោះ​ ហេតុ​នេះ​ទើប​កន្និដ្ឋា​​ជ្រើស​រើស​​យក​ជំនាញ​គណនេយ្យ​ ​តាម​ពិត​កន្និដ្ឋា​ស្រលាញ់​ជំនាញ​រដ្ឋ​បាល និង​លេខាធិការ ទេ​។ រហូត​មក​ដល់​កន្និដ្ឋា​បាន​មក​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​​ បង​ធំ ​ទើប​ធ្វើ​ឲ្យ​កន្និដ្ឋា​កែ​ប្រែ​គំនិត​បែរ​ជា​ហ៊ាន​ប្រ​ឈម​មុខ​​នឹង​សង្គម​រហូត​មក​ដល់​ពេល​ឥឡូវ។ កន្និដ្ឋា​ក៍​សូម​សំណូម​ពរ​ផង​ដែរ​គឺ​សូម​កុំ​រើស​អើង​គាត់​អី​ ត្បិត​កន្និដ្ឋា​មាន​រូប​រាង​មិន​ល្អ​ មាន​ស្នាក​ស្នាម តែ​កន្និដ្ឋា​មិន​បាន​ទៅ​ធ្វើ​អ្វី​ខុស និង​ទៅ​បង្ករ​ផល​លំបាក​ដល់​អ្នក​ណា​ឡើយ។

នៅ​ថ្ងៃ​អនាគត​ កន្និដ្ឋា​ ​មាន​គម្រោង​​​​បើក​កសិដ្ឋាន​​ចិញ្ចឹម​សត្វ​​មួយ​ដែល​សព្វ​ថ្ងៃ​កំពុង​ដំណើរ​ការ​បណ្តើរ​ៗ​ហើយ និង​មាន​បំណង​ពង្រឹង​ខ្លួន​ឲ្យ​ក្លាយ​ជា​ប្រ​ធាន​ហិរញវត្ថុមួយ​រូប​នៅ​ក្រុម​ហ៊ុន​​ដ៍​រឹង​មាំ​មួយ​។ ក្រៅ​ពី​នេះ​កន្និដ្ឋា​នៅ​មាន​គោល​បំណង​ដ៍​ធំ​មួយ​ទៀត​គឺ​បើក​អង្កការ​មនុស្ស​ចាស់​ជរា​មួយ​កន្លែង ហើយ​មក​​ដល់​ពេល​នេះ​កន្និដ្ឋា​កំពុង​តែ​ករ​មើល​ទី​តាំង​ណា​មួយ​សម​រម្យ​​ដែល​អាច​ធ្វើ​ទៅ​បាន​។

នេះ​ជា​ប្រ​វត្ត​តស៊ូ​​ និង​ហេតុ​​ការណ៍​​ដ៍​អស្ចារ្យ​មួយ​ដែល​មិន​គួរ​ឲ្យ​នឹក​ស្មាន​ថា​ កញ្ញា ផល កន្និដ្ឋា​ អាច​ឈាន​មក​ដល់​ថ្ងៃ​នេះ​​។ ក្នុង​នាម​យើង​ជា​មនុស្ស​​ដូច​​គ្នា​ មាន​សំណួរ​មួយ​សួរ​ថា តើ​យើង​​គួរ​រើស​អើង​​ជន​រង​គ្រោះ​ដូច​ជា​​កញ្ញា​ ផល កន្និដ្ឋា ​ដែរ​ឬ​ទេ?
អត្ថបទ៖ លី ចន្ថា

 

 

តាមដាន

Get every new post delivered to your Inbox.